ផលិតកម្ម​ស្វាយ​លំដាប់​ខ្ពស់

យើងទិញផ្លែស្វាយពីកសិករតាមគុណភាព និងដំណាក់កាលនៃផ្លែ។ ប្រសិនបើផ្លែមានសំបកល្អខ្លាំង នៅដំណាក់កាលផ្លែតូច យើងចុះកិច្ចសន្យាជាមួយកសិករក្នុងការវេចខ្ចប់ដើម្បីបានផ្លែស្វាយពណ៌លឿងមាស ហើយនាំចេញផ្លែស្វាយទុំស្រស់សម្រាប់ការប្រើប្រាស់។ ប្រសិនបើមានភ្លៀងខ្លាំងពេក វាប៉ះពាល់ដល់សំបកផ្លែស្វាយ យើងមិនវេចខ្ចប់ផ្លែស្វាយនោះទេ ដោយរក្សាទុកជាផ្លែស្វាយពណ៌បៃតង។ ស្វាយពណ៌បៃតងចំណាត់ថ្នាក់ទីមួយសម្រាប់ការទទួលទានផ្អែមស្រួយ ខណៈផ្លែស្វាយចំណាត់ថ្នាក់បន្ទាប់សម្រាប់កែច្នៃតាមរោងចក្រ។ យើងចុះកិច្ចសន្យាជាមួយកសិករសម្រាប់ការគាំទ្របច្ចេកទេស នឹងការណែនាំអំពីស្តង់ដារផលិតកម្ម បន្ទាប់មកការចរចាទិញផ្លែស្វាយពីកសិករមកវិញមុនពេលប្រមូលផល។ យើងបណ្តុះបណ្តាល និងផ្ដល់ជំនួយបច្ចេកទេសដល់កសិករ គឺចាប់ពីការតាក់តែងមែក ពូនគល់ រហូតដល់ប្រមូលផល និងនៅចុងបញ្ចប់ដំណោះស្រាយទីផ្សារ។

ផ្នែកបច្ចេកទេស យើងសហការជាមួយក្រសួងកសិកម្ម សម្រាប់ការបណ្តុះបណ្តាលគាំទ្រដល់កសិករ និងការចុះឈ្មោះកសិករដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្ដន៍កសិកម្មល្អ Cam GAP ។ យើងក៏ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍នានាដូចជា USAID និង Swiss Contact ដើម្បីគាំទ្រកសិករជាមួយនឹងបច្ចេកទេសផលិតកម្មតាមស្តង់ដារ និងទីផ្សារ។ យើងបើកវគ្គបណ្តុះបណ្តាលស្តីពីការផលិតស្វាយខុសរដូវដល់កសិករ នៅតាមតំបន់ផលិតស្វាយសំខាន់ៗទាំងអស់។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល ក្រុមការងារបច្ចេកទេសរបស់យើងបានចុះទៅពិនិត្យដល់ចម្ការ ដើម្បីបណ្ដុះបណ្ដាលនិងផ្ដល់ជំនួយបច្ចេកទេសបន្ថែមដល់កសិករ។ ដំណាក់កាលសំខាន់ៗមួយចំនួន រួមមានៈ ការតាក់តែងមែក ពូនគល់ ការដាក់ជី ការបញ្ចេញផ្កាតាមរដូវ ការកំចាត់សត្វល្អិត និងជំងឺ និងការថែទាំផ្កា និងផ្លែ។ល។

អាហារសុវត្ថិភាព

ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៨ កសិករខ្មែរបានរងគ្រោះដោយសារតម្លៃជ្រូកធ្លាក់ចុះយ៉ាងខ្លាំង ហើយឈ្មួញក្នុងស្រុកមិនចង់ទិញជ្រូកពីកសិករយើងទេ ព្រោះតម្លៃជ្រូកនាំចូលពីវៀតណាមលក់ក្រោមតម្លៃទីផ្សារ។ ហេតុនេះហើយ​ទើប​កសិករ​ចិញ្ចឹម​ជ្រូក​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ពួកគេ​ខាតបង់​យ៉ាងច្រើន​ពី​ការ​ចិញ្ចឹម​សត្វ ជាពិសេស​ជ្រូក​។

ដោយមើលឃើញពីការលំបាក និងបញ្ហាប្រឈមរបស់កសិករកម្ពុជា និងឆ្លើយតបទៅនឹងចក្ខុវិស័យក្នុងការធ្វើឱ្យស្បៀងអាហារមានសុវត្ថិភាព និងអាចរកបានសម្រាប់ប្រជាជននៅលើភពផែនដីរបស់យើង អង្គរហ្គ្រីនបានបង្កើតទីផ្សារប្រកួតប្រជែងសម្រាប់កសិករ។ យើងបានចូលរួមយ៉ាងសកម្មក្នុងការទិញជ្រូកពីកសិករក្នុងស្រុក ដែលផលិតតាមស្តង់ដារសុវត្ថិភាពក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតកម្ម ហើយយើងបាននាំជ្រូកមកកន្លែងសត្តឃាតរបស់យើង ការដឹកជញ្ជូនទៅកាន់ទីផ្សារប្រកបដោយសុវត្ថិភាព និងលក់ក្នុងបរិយាកាសអនាម័យជាលំដាប់។ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអនាម័យដល់ប្រជាជនទីក្រុងភ្នំពេញ ជាមួយនឹងគម្រោង AG Food របស់យើង។


  • តើអ្នកចូលចិត្តការប្រកាសនេះទេ? ចែករំលែកទៅកាន់: